សកម្មភាពកសិករ



សម្រាម ផលប៉ះពាល់ និង ការគ្រប់គ្រង
 
       សម្រាមត្រូវបានគេចាត់ទុកថា ជាវត្ថុគ្មានតម្លៃនិង​ឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នាមិនចង់បានវានោះទេ។ ប៉ុន្តែយើងមិនអាចចៀស ពីវាផុតបានឡើយ ព្រោះយើងសុទ្ឋតែត្រូវការអាហារ និងនិងសម្ភារៈ
ប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្រោយពេលដែលមនុស្សបានបង្កើតសម្រាម ហើយពុំបានធ្វើការ ទុកដាក់ត្រឹមត្រូវ នោះវានឹងអាចបង្កឱ្យមានផលប៉ះពាល់ជាច្រើនចំពោះមនុស្សសត្វរុក្ខជាតិ និង ជីវៈចម្រុះផ្សេងៗជាពិសេសគឺបរិស្ថាន។
       កាលពីលេខមុនៗ ប្រិយមិត្តទាំងអស់ពិតជាបានស្វែងយល់រួចមកហើយ អំពីជម្ងឺដែល បណ្តាលមកពីសម្រាម។ ដើម្បីឱ្យមានការជ្រាបកាន់តែច្បាស់ អំពីផលប៉ះពាល់នៃសម្រាម ទៀតនោះ ទស្សនាវដ្តី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោក សារុនសំបូរ ប្រធានការិយាល័យគ្រប់គ្រងសំណល់រឹង និង សារធាតុប្រកបដោយគ្រោះថ្នាក់ នៃនាយក ដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន ក្រសួងបរិស្ថាន។
      សម្រាមជាអ្វី ?
       សម្រាមគឺជារបស់របរដែលអស់តម្លៃ គ្មានប្រយោជន៍ ឬ វត្ថុដែលគេលែងត្រូវការ ហើយមានបំណងបោះបង់ចោល ឬ តម្រូវឱ្យបោះបង់ចោល។
      ប្រភេទសម្រាម និង សំណល់រឹង
       បើផ្អែកទៅតាមការសិក្សា និងឆ្លងកាត់នូវការធ្វើវិភាគទៅលើសម្រាម និងសំណល់គេ អាចធ្វើការបែងចែកជាបីប្រភេទផ្សេងៗគ្នា ដែលមានដូចខាងក្រោមនេះ :
       ១) សំណល់រឹង : គឺសំដៅដល់សំណល់រឹងដែលជាផលិតផល ឬ ជាកម្ទេចកម្ទីដែល ត្រូវបានគេបោះបង់ចោល ដូចជាសម្បកដប កែវ លោហៈធាតុ កំប៉ុងជាដើម។
       ២) សំណល់រាវ : គឺជាវត្ថុរាវដែលជាផលិតផល និងជាសារធាតុរួមផ្សំ ជាមួយនឹង សារធាតុរឹងខ្លះ ដែលត្រូវបានគេបញេញចោល ជាប្រចាំទៅតាមបណ្តាញប្រព័ន្ឋលូទឹក ស្អុយផ្សេងៗ។
       ៣) សំណល់បង្កគ្រោះថ្នាក់ : គឺសំដៅទៅលើសារធាតុវិទ្យុសកម្ម សារធាតុគីមី សារធាតុផ្ទុះ សារធាតុពុល សារធាតុឆេះជាដើម។ ចំពោះសំណល់ទាំងនេះភាគច្រើនមាន ប្រភពចេញពីរោងចក្រឧស្សាហកម្ម និង សហគ្រាសដែលប្រើប្រាស់សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និង សេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ (ការវះកាត់ និងថតដោយប្រើកំារស្មី) ។ល។ ចំណែកឯសំណល់នៅតាមលំនៅដ្ឋានក៏អាចមានសារធាតុ ប្រកបដោយគ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះវិស័យកសិកម្ម ដោយសារបច្ចេក ទេសនៅក្នុងស្រុកមានកម្រិតទាប កសិករភាគច្រើនបានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែល មានជាតិពុលខ្លាំង និង ប្រើប្រាស់គីមីដើម្បីបង្កើនផលិតផលដំណាំ។ ដូច្នេះសារធាតុប្រកប ដោយគ្រោះថ្នាក់មួយចំនួនក៏បានបង្កើតឡើងដោយវិស័យនេះផងដែរ។
      ផលវិបាក និង ផលប៉ះពាល់នៃសម្រាម
       សម្រាមមិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ទៅដល់បរិស្ថាន សោភ័ណភាព និងបង្ក ឱ្យអាប់អួ ដល់បរិយាកាសជុំវិញនោះទេ តែវាថែមទាំងបណ្តាលឱ្យ មានជម្ងឺផ្សេងៗទៀត បាន និង បង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្ស តាមរយ:ការប៉ះពាល់ ដោយផ្ទាល់ ឬ តាមការភាយក្លិនស្អុយនៃសម្រាមដែលរលួយ។
       ១) ផលប៉ះពាល់របស់សម្រាមចំពោះសង្គម : បើយោងទៅតាមលក្ខណ:រូប និង លក្ខណៈគីមីនៃសម្រាម ឬ សំណល់ ប្រសិនបើយើងមិនបានធ្វើការបែងចែក និងគ្រប់គ្រង ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសទេនោះ វានឹងអាចជះឥទ្ឋិពលមកលើសុខភាព មនុស្សសត្វ និង បរិស្ថានជាច្រើនដូចតទៅ។
      -ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និង លំនៅដ្ឋាន
      -ជាប្រភព និង ទីជម្រកនៃពពួកមេរោគឆ្លង និងសត្វល្អិត
      -អាចបង្កឱ្យមានក្លិនស្អុយ ប៉ះពាល់ដល់អ្នករស់នៅក្បែរគំនរសម្រាម និង បរិស្ថាន
       -ការបោះបង់ចោល សម្រាមរាយប៉ាយ អាចបង្កការស្ទះដល់ប្រព័ន្ឋ លូសាធារណៈ តាមរយៈការហូរនាំដោយទឹកភ្លៀងជាលទ្ឋផលខូចដល់សោភ័ណភាព និងសណ្តាប់ធ្នាប់ សារធារណៈ
      -បាត់បង់នូកំណើនភ្ញៀវទេសចរណ៍។
      ២) ផលប៉ះពាល់របស់សម្រាមចំពោះសុខភាព :
       សម្រាមអាចផ្តល់ផលអាក្រក់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពរបស់មនុស្សទូទៅ។
       -សារធាតុពុល នៅក្នុងសម្រាម : សារធាតុមួយចំនួននៅក្នុង សម្រាមអាចធ្វើការ ប៉ះពាល់ដល់ស្បែក ដែលបណ្តាលឱ្យមនុស្សកើតមានជម្ងឺសើស្បែក រលាកភ្នែក ជម្ងឺ រលាកផ្លូវរំលាយអាហារ ជម្ងឺផ្លូវដង្ហើម រលាកសួតជាដើម។ ជួនកាលវាអាចបណ្តាល ឱ្យមានការប៉ះពាល់ ទៅដល់ប្រព័ន្ឋឋប្រសាទថែមទៀតផង ដោយសារតែការរសាយ ភាយក្លិន និងការចម្លងមេរោគពីសម្រាម។
       -មេរោគនៅក្នុងសម្រាម : នៅក្នុងសម្រាមមានផ្ទុកទៅដោយមេរោគច្រើនប្រភេទ។ នៅពេលវាឆ្លងមកដល់ក្នុងខ្លួនមនុស្ស វាបង្កឱ្យកើតមានជម្ងឺរាករូស ជម្ងឺរាកមួលអាសន្នុះ
រោគគ្រុនពោះវៀន និងជម្ងឺជាច្រើនទៀត។ ជម្ងឺទាំងនោះនឹងអាចក្លាយទៅជាប្រភេទជម្ងឺ រ៉ាំរ៉ៃបាន។ ម្យ៉ាងវិញទៀតសារធាតុមុតស្រួច ដែលមាននៅក្នុងសម្រាមអាចបង្កជារបួស ស្នាមរហូតក្លាយទៅជាដំបៅរ៉ាំរ៉ៃផងដែរ។
       សារធាតុគីមីនៅក្នុងឈាម : សម្រាមមានផ្ទុកទៅដោយសារធាតុគីមីមួយចំនួន ដែលអាចបង្កឱ្យកើតជម្ងឺមហារីកបាន។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឱ្យមានអុកស៊ីដកម្ម លើសារធាតុគីមីដទៃទៀត ដែលអាចនាំគ្រោះថ្នាក់ដល់មនុស្ស រុក្ខជាតិ និង សត្វដែល មាននៅក្នុងបរិស្ថានទៀតផង។
      វិធីទុកដាក់ និង គ្រប់គ្រងសម្រាម
       ដើម្បីបង្ការ និងចៀសផុតពីជម្ងឺផ្សេងៗដែលអាចបណ្តាលមកពីសម្រាមបានគប្បី ត្រូវមានវិធានការទុកដាក់សម្រាមឱ្យមានរបៀបរៀបរយ ធ្វើយ៉ាងណាកុំឱ្យមេរោគចេញ ពីសម្រាមទៅចម្លងដល់មនុស្សបាន។ វិធីទាំងអស់ដែលតម្រូវឱ្យប្រតិបត្តិមានដូចជា :
      ១) ភារកិច្ចប្រជាពលរដ្ឋ
       -ប្រជាពលរដ្ឋត្រូវរៀបចំទីកន្លែងស្តុកសំណល់រឹង ឬ សម្រាមបណ្តោះអាសន្នឱ្យ បានសមស្រប និងមានរបៀប មិនត្រូវបង្កបញ្ហាប៉ះពាល់ទៅដល់ចរាចរណ៍ សុខភាព សាធារណៈ សោភ័ណភាព និង សណ្តាប់ធ្នាប់សង្គម។
       -មិនត្រូវបោះចោលនូវសម្រាមរឹង រាវ នៅតាមទីប្រជុំជន ទីសារធារណៈ ផ្សារ កន្លែងកម្សាន្ត តំបន់ប្រភពទឹកប្រើប្រាស់ និង តាមប្រព័ន្ឋលូទឹកស្អុយនោះទេ។
       -មុនពេលចោលសម្រាម គប្បីត្រូវបែងចែកឱ្យបានជាមុន ដូចជាប្រភេទសម្រាម ចេញពីមន្ទីរពេទ្យ និងសម្រាមចេញពីលំនៅដ្ឋាន ព្រោះសម្រាមចេញពីមន្ទីរពេទ្យអាច ចម្លងមេរោគ និង ជម្ងឺបាន។
      ២) ភារកិច្ចរបស់អង្គភាពទទួលបន្ទុកផ្នែកគ្រប់គ្រងសម្រាម
       អង្គភាពត្រូវរៀបចំដាក់ស្លាកសញ្ញាហាមឃាត់ ការបោះចោលសម្រាមរាយប៉ាយ ទុកដាក់សំណល់រឹងឱ្យបានត្រឹមត្រូវ នៅគ្រប់ទីកន្លែងដូចជាតំបន់ទីប្រជុំជន ទីសាររណៈ រោងច្រក សហគ្រាសជាដើម។ ចំពោះទីលានចាក់សម្រាមត្រូវយកចិត្តទុកដាក់ប្រតិបត្ត ការគ្រប់គ្រងទីលានឱ្យបានល្អ ចៀសវាងផលប៉ះពាល់ដែលអាចកើតមានឡើងដោយយក ចិត្តទុកដាក់នូវចំណុចមួយចំនួនដូចខាងក្រោម :
       លើកទំនប់ព័ទ្ឋជុំវិញទីលានចាក់សម្រាម​ ដើម្បីការពារទឹកជំនន់ហូរចូលទីលាននិង ហូរចេញវិញដោយនាំសារធាតុបំពុលនៅជាមួយ ដែលធ្វើឱ្យមានការពុលដល់ទឹកលើ ដីនិង ក្រោមដី។
       រៀបចំផ្លូវទីលានដែលអាចចូលចាក់បានគ្រប់រដូវ និង បាតរណ្តៅត្រូវរៀបចំប្រព័ន្ឋ ការពារមិនឱ្យមានការហូរជ្រាបទឹកសម្អុយចូលក្នុងដី។
       ត្រូវធ្វើការលុបចោលសម្រាមដែលចាក់រួច ដើម្បីការពារការជះក្លិនស្អុយចេញមក ក្រៅ និងសត្វល្អិត
       -ត្រូវប្រើប្រាស់ឡទំនើប ក្នុងការដុតបំផ្លាញសម្រាមឱ្យមានលក្ខណៈបច្ចេកទេស ច្បាស់លាស់ និង ចំណុះសមល្មម ដើម្បីកុំឱ្យសាយភាយក្លិន និង ចម្លងមេរោគ។
      ដំបូន្មានអ្នកប្រឹក្សា
       ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ សុខភាពល្អ និង ជីវភាពរស់នៅប្រសើរទៅបាន គឺអាស្រ័យទៅលើការជួយថែរក្សានូវអនាម័យទាំងអស់គ្នា។ ទោះបីជានៅតាមលំនៅស្ថាន កន្លែងធ្វើការ រោងចក្រ ឬ សហគ្រាសក្តី គប្បីមានធុងសម្រាម ឬ កន្លែងស្តុកសម្រាមឱ្យ បានសមរម្យ ងាយស្រួលប្រមូល។ ចំពោះផ្នែកបំរើសេវាកម្មប្រមូលវិញ គប្បីប្រមូលសម្រាម ឱ្យបានទៀងទាត់។ ចៀសវាងទុកយូរជាហេតុធ្វើឱ្យមានការរាយប៉ាយដែលបង្ករឱ្យមានការ ចម្លងមេរោគបាន។
       ដោយ : អ៊ា សុវណ្ណារ៉ា អ្នកប្រឹក្សា លោក សារុន សំបូរ ប្រធានការិយាល័យគ្រប់ គ្រងសំណល់រឹង និង សារធាតុប្រកបដោយគ្រោះថ្នាក់នៃនាយកដ្ឋានត្រួតពិនិត្យការបំពុល បរិស្ថាន ក្រសួងបរិស្ថាន៕

No comments:

Post a Comment